Advertise

Advertise
Wednesday, November 6, 2013

8:00 AM
កង្វះ​អាហា​រូបត្ថម្ភ​គឺជា​មូល​ហេតុ​ធំ ​បំផុត​តែមួយ​គត់​ដែល​បណ្តាល​អោយ​មាន​កុមារ​ជាច្រើន​នាក់​ ត្រូវបាន​ស្លាប់​លើ​ពិភព​លោក។ អាហា​រូបត្ថម្ភ គឺពិត​ជាមាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជួយ​ទ្រទ្រង់​សាពាង្គ​កាយ​មនុស្សឲ្យ​ បានរីក​ធំធាត់ និង​មាន​សុខភាព​ល្អប្រសើរ។ កាល​ណាបើ​មនុស្ស​គ្រប់​រូប ទទួល​បាន​នូវ​ការ​បរិភោគ​អាហាររូប​ត្ថម្ភ​បាន​គ្រប់​គ្រាន់ នោះ​ការ​កើត​មាន​ជម្ងឺ​ក៏ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ។ ជា​ពិសេស​ការ​ផ្គត់​ផ្គង់​អាហារូប​ត្ថម្ភ​សម្រាប់​កុមារ និង​យុវវ័យ ព្រោះ​ថា កុមារ​ និង​យុវវ័យ​ត្រូវ​ការ​អាហារូប​ត្ថម្ភ​ទាំង​នោះ​ទៅ​ចិញ្ចឹម​សារ​ពាង្គ​កាយ។

កុមារ ក្មេង​ជំទង់​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន ​ត្រូវបាន​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ ​ចំពោះ​សុខភាព​ដែល​បណ្តាល​មក​ពីកត្តា​កង្វះ​អាហារ​រូប​ត្ថម្ភ។ បញ្ហា​ដែល​កុមារ និង​ក្មេង​ជំទង់ ​តែង​តែ​ជួប​ប្រទះ​គឺ កើត​មុន​លើមុខ រាងកាយ​ស្គម​ស្គាំង ធាត់​ជ្រុល ជម្ងឺ​កង្វះ​អាហារូប​ត្ថម្ភ​រុំារ៉ៃ និង​កើត​មាន​ជម្ងឺ​ញឹក​ញាប់​ជាដើម ដែល​ការណ៍​នេះ ​បានធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព រាងកាយ​របស់​គេមាន​បញ្ហា។ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ ឲ្យមាន​ភាព​ប្រសើរ​ឡើង​វិញ​នោះ គេហ​ទំព័រ សុខ​ភាព​កម្ពុជា សូម​ជម្រាប​ជូន​ប្រិយ​មិត្ត​អ្នក​អាន​អំពី​របប​នៃការ​ទទួល​ទាន​អាហារ​ រូបត្ថម្ភ​ដ៏ត្រឹម​ត្រូវ​សម្រាប់​សុខភាព​របស់​អស់​លោក​អ្នក ដូច​ខាង​ក្រោម ​៖


1.ត្រូវ​បរិភោគ​អាហារ​ឲ្យបាន​ច្រើន​ប្រភេទ៖ លោកអ្នក ​ត្រូវ​បរិភោគ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ត្រឹម​ត្រូវ​ដោយ​ជ្រើស​រើស​អាហារ​ឲ្យ​បាន​ច្រើន​ប្រភេទ​ (អាហារទាំង ៣ក្រុម) និង​ជាតិ​ទឹក​ចំនួន ៨ កែវ​ក្នុង​មួយ​ថ្ងៃ នោះ​ពិត​ជា​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​កម្លាំង​មាំមួន ។

2. តម​អាហារ​សំបូរ​ជាតិ​សូដ្យូម៖ លោក​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ណាដែល​មាន​ជាតិ​សូដ្យូម​ច្រើន​ពេក​នោះទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ជម្ងឺ​​បេះដូង និង​លើស​ឈាម។ ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​ច្រើន ​អាច​ធ្វើ​ឲ្យ​សំពាធ​ឈាម​ឡើង​ដែលនាំ​ឲ្យ​ប៉ះពាល់​ដល់​សរសៃ​ខួរ​ក្បាល ​មាន​ជម្ងឺ​ប្រកាំង​ឈឺ​មួយ​ចំហៀង​ក្បាល ។​ លោកអ្នក​អាច​កាត់​បន្ថយ​ជាតិ​សូដ្យូម​បាន​ដោយ​កុំ​ទម្លាប់​បរិភោគ​​អាហារ​ ប្រៃ​ពេក​ ចម្អិន​អាហារ​ដោយ​ដាក់​អំបិល​ ឬ​ទឹកត្រី​តិច និង​ស្វែង​យល់​ពី​សេចក្តីណែនាំ​ដែល​មាន​នៅ​លើ​កំប៉ុង​ រឺ​កញ្ចប់​អាហារ​ ដើម្បី​ឲ្យដឹង​ពី​ចំនួន​សូដ្យូម​ដែល​មាន​នៅ​ក្នុង​អាហារ​ទាំង​នោះ។

3.គ្រប់​គ្រង​បរិមាណ​ស្ករ៖ លោកអ្នក​មិន​ត្រូវ​បរិភោគ​ស្ករ​ច្រើន​ទេ ព្រោះ​ស្ករ​អាច​បណ្តាល​ឲ្យ​ពុក​ធ្មេញ បើ​សិន​ជាលោក​អ្ន​ក​មិន​ដុស​សម្អាត​ធ្មេញ ក្រោយ​ពេល​បរិភោគ​ស្ករ​រួច។ ស្ករ​បង្កើត​បាន​ជា​អាស៊ីត​ដែល​ងាយ​បណ្តាល​ឲ្យ​មាន​ជម្ងឺបេះដូង។ ដើម្បី​កាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ អ្នក​ត្រូវ​បរិភោគ​ផ្លែឈើ​ស្រស់​ឲ្យ​បាន​ច្រើន។ អ្នក​មិន​ត្រូវផឹក​ទឹក្រូច (កំប៉ុង ដប) បរិភោគ​បង្អែម នំ​ផ្អែម​ច្រើន​ឡើយ (​អាច​នាំ​ឲ្យ​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម​)។

4.ការរក្សា​ទម្ងន់​រាង​កាយ៖ ទម្ងន់​ដែលលោក​អ្នក​ចង់​បាន​គឺ​ជា​ទម្ងន់​ដែល​សម​ស្រប​ទៅ​នឹង​អាយុ ភេទ កម្ពស់ និង​ទំហំខ្លួន។ បរិមាណ​របស់​ជាលិកា​ខ្លាញ់​និង​សាច់ បង្កើត​បាន​ជា​កោសិកា​របស់​សារពាង្គ​កាយ។​ នៅ​ពេល​បរិមាណ​ខ្លាញ់​ក្នុង​ខ្លួន​តិច អ្នក​អាច​រក្សា​ទម្ងន់ របស់​អ្នក​បាន ខ្លួន​អ្នក​នឹង​មាន​ភាព​រឹងប៉ឹង ហើយ​អាយុ​នឹង​កើន​ឡើង ។

៥.ត្រូវ​តម​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន៖ ការ​បរិភោគ​ខ្លាញ់​ច្រើន នាំ​ឲ្យ​មាន​ជម្ងឺ​មហារីក និង​អាច​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​ទៀត​ផង ។

6.ត្រូវ​បរិភោគ​អាហារ​សំបូរ​ជាត់​គ្លុយ​ស៊ីត៖ លោកអ្នកត្រូវ​បន្ថយ​ការ​បិរិភោគ​អាហារ​មាន​ជាតិខ្លាញ់ ​តែ​លោកអ្នក​ត្រូវ​បរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​គ្លុយ​ស៊ីត​វិញ ដើម្បី​រក្សា​ថាមពល​ក្នុង​ខ្លួន និង​អាច​រក្សា​ទម្ងន់​អ្នក​ឲ្យ​ស្ថេរ ។ ជាតិ​គ្លុយស៊ីត​ច្រើន​មាន​នៅ​ក្នុង ស្រូវ ពោត គ្រាប់​ធញ្ញ​ជាតិ ផ្លែឈើ និង​បន្លែ ។

7.គ្រប់​គ្រង​ការពិសារ​ជាតិ​ស្រវឹង៖ គ្រឿង​ស្រវឹង​មាន​ថាមពល​ខ្ពស់ តែ​មាន​សារធាតុ​ចិញ្ចឹម​ទាប។ ពេល​ផឹក​គ្រឿង​ស្រវឹង​ចូល ជីវ​ជាតិ​ក្នុង​ខ្លួន​នឹង​ថយ​ចុះ។ ​អ្នក​ផឹក​គ្រឿង​ស្រវឹង​រាល់​ថ្ងៃ​ពុំ​មាន​ជីវជាតិ​បេ​គ្រប់​គ្រាន់​ទេ ។ គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ចុះ​ខ្សោយ ​បំផ្លាញ​កោសិកា​ខួរ​ក្បាល និង​បណ្តាល​ឲ្យ​មាន​ជម្ងឺ​រលាក​ថ្លើម ក្រលៀន បេះដូង និង​ប៉ះ​ពាល់​ដល់​សម្ពាធ​ឈាម។

ការ​បរិភោគ​អាហារឲ្យ​បាន​ត្រឹម​ត្រូវ គឺជា​អាហារ​រូបត្ថម្ភ​មួយ​ប្រភេទ​ដែល​ជួយ​ឧបត្ថម្ភ​ដល់​រាងកាយ​របស់​អស់​លោក​អ្នក។

ដូច្នេះ​ដើម្បី​ឲ្យ​ដឹង​ថា លោក​អ្នក​បាន​បរិភោគ​អាហារ​គ្រប់​គ្រាន់​ឬ​នៅ លោក​អ្នក​ត្រូវ​ពិនិត្យ​ទម្ងន់​ឲ្យបាន​ដឹង​ជាមុន​ថា​តើ លោកអ្នក​ធ្ងន់​ពេក រឺ​ស្រាល​ពេក។ បើ​សិន​ជាលោក​អ្នក​មាន​ទម្ងន់​មិន​សម​ស្រប លោកអ្នក​ត្រូវ​កត់ត្រា​អាហារ​ដែលលោក​អ្នក​បាន​បរិភោគ​ប្រចាំថ្ងៃ ​ពី​ព្រោះ​ការ​បរិភោគ អាហារ​គ្រប់​ប្រភេទ​មានសារ​ប្រយោជន៍​បំផុត​សម្រាប់​កូន​របស់​លោកអ្នក រួម​ទាំង​ក្រុម​គ្រួសារ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០៧ ឧសភា ឆ្នាំ​ ២០១២